20-04-2020
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់
ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល
និងប្រគល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ
នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប៉ៃលិន
ដើម្បីចូលរួមអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ វិធាន ការបង្ការ
និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។ ឯកឧត្តមអភិបាលខេត្ត
បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំបំពេញភារ
កិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់
ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋព្រម
ទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន
ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូន
ប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព
និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
ឯកឧត្តមក៏បានបង្ហាញទឹកចិត្តរំភើបរីករាយ បន្ទាប់ពីបានសង្កេតឃើញថា
បងប្អូនប្រជាពលរដ្ឋ ពិសេស ប្រជាពលករ ដែលទើបវិលមកពីក្រៅប្រទេស
មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដាន
សុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩
ជាយថាហេតុណាមួយដល់អ្នកដទៃ ហើយឯកឧត្តមបានចាត់ ទុកការ ចូលរួមសហការគ្នានេះ
ថាផ្នែកមួយដ៏សំខាន់នៃការទប់ ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា
និងនៅលើពិភពលោកផងដែរ។នៅក្នុងឱកាសនោះដែរ លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការ សង្ស័យមានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្ត ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ និងប្រ ជាពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ សូមស្តាប់តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ សូមបញ្ជាក់ថា៖ សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលលោក អភិបាលខេត្ត ប្រគល់ជូនដល់ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត ទទួលបានម៉ាស់ ចំនួន ១,០០០ម៉ាស់ និងមណ្ឌលសុខភាពទាំង ០៦ក្នុងខេត្ត ដោយមណ្ឌលសុខភាពនីមួយៗទទួលបានម៉ាស់ ចំនួន ២០០ម៉ាស់ ជេលលាងសម្អាតដៃ ចំនួន ០៥ដប និងប្រដាប់វាស់កំដៅ ចំនួន ០១ (បាញ់កំដៅ) ។
0 Comments