ត្បូងឃ្មុំ៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ និងភរិយា និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនជនងាយរងគ្រោះ មានជីវភាពក្រីក្រលំបាក ចាស់ជរា និងជនពិការចំនួន ៥០គ្រួសារ ក្នុងស្រុកតំបែរ ក្នុងនោះ ៣០គ្រួសារ នៅឃុំត្រពាំងព្រីង ២០គ្រួសារ នៅឃុំសេដារ ដោយធ្វើឡើងនៅបរិវេណវត្តជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងឳកាសនោះ លោកបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីមុខថ្នាក់ដឹកនាំដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជាប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដែលជានិច្ចជាកាលលោកទាំងទ្វេរ តែងតែមានការនឹករឭកបារម្ភអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ
មិនត្រូវចេញទៅក្រៅបើមិនមានការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចអោយយើងស្លាប់បាន។
សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន ២ម៉ឺនរៀល។
បន្ទាប់មក លោកបណ្ឌិត និងភរិយា និងលោកប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសហការី បានបន្តនាំយកស្បៀងអាហារមួយចំនួនធំ ព្រមទាំងម៉ាស់ អាកុល និងថវិការ ទៅផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកតំបែរ នៅសាលាស្រុកតំបែរ ដើម្បីចែកបន្តជូនពលរដ្ឋដែលត្រូវការជាចាំបាច់ដល់ខ្នងផ្ទះ។
បន្ទាប់មកទៀតបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចតាឡីស័ក ដោយសំណេះសំណាល និងផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ ដល់ពលករដែលទើបមកពីប្រទេសថៃចំនួន ១១នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ ១៤ថ្ងៃ នៅចំនួន ២ទីតាំង គឺនៅសាលាបឋមសិក្សាតំបែរ ក្នុងឃុំតំបែរ និងនៅវិទ្យាល័យហ៊ុនសែនចារថ្មី ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕
ប្រភព៖កម្ពុជា ពិត