13-04-2020
ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីថវិកាជំពូក២១ ដោយ មានការ ចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទ ក្រសួង ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់របាយការណ៍ ស្តីពីការប្រើ ប្រាស់ ថវិកាជំពូក២១ ក៏ដូចជាពិភាក្សាលម្អិតលើការកំណត់ ផ្លូវអាទិភាពនៅទូទាំងប្រទេសដើម្បី ចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លង រាតត្បាត នៃជំងឺ កូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូន បងប្អូនប្រជាពលរដ្ឋ ទូទៅ ។ ទន្នឹមនឹងនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយ តែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋា ភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ ។ ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឱ្យ ថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវ ក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យបានជាប្រចាំ លើក្រុមហ៊ុនវិនិយោគទាំងឡាយ ដើម្បីជំរុញឱ្យពួកគេអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួង ដែលបានដាក់ចេញ ជាដាច់ខាត ។

ប្រភព:ទទក