15-04-2020
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ខេត្ត និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអង្គភាព ពាក់ព័ន្ធ ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ គោលដៅព្រំប្រទល់ស្រុករវៀងខេត្តព្រះវិហារ និងស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីរឹតបន្តឹងបទ បញ្ជា លេខ០២ ប.ប របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលអណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅភូមិជីអោក ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ហើយអណ្តូងទឹកស្អាតដែលបានប្រគល់ជូននៅពេលនេះ គឺមានចំនួន០៥អណ្តូង សម្រាប់ ស្រុករវៀង ។ ឯកឧត្តម ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង ។ ក្នុងឱកាសនោះ ឯកឧត្តមបាន ណែនាំដល់កងកម្លាំងដែលកំពុងត្រួតពិនិត្យនៅចំណុចព្រំប្រទល់  និងគ្រូពេទ្យនៅមណ្ឌលសុខភាពភ្នំដែក ត្រូវខិតខំបំពេញ ការងារតាមបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជម្ងឺ កូវីដ-១៩ ក្រោមការ គិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ យើង ។ ដោយមើលឃើញនូវការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន រួមនឹងកងកម្លាំងយើង ឯកឧត្តម ប្រាក់ សុវណ្ណ និង ឯកឧត្តម ឡុង សុវណ្ណ បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនដល់មណ្ឌលសុខភាពភ្នំដែក និងកងកម្លាំងព្រំប្រទល់ ព្រះវិហារ -កំពង់ធំ ដែលកំពុងអនុវត្តបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកជួយសម្រួលក្នុងការអនុវត្តន៍ ការងារនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។