នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានជួបពិភាក្សាការងារជាមួយទាន់ទៀតជាមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak
Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា។
ក្នុងកិច្ចពិភាក្សាគ្នានេះ លោក ប៉ានយ៉ារ៉ាក់
ជាថ្មីម្ដងទៀតបានសម្តែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ចំពោះការបាត់បង់ម្ដាយក្មេក របស់លោកកន្លងមក។ លោកឯកអគ្គរាជទូតថៃ
ក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
អំពីការរាតត្បាតនៅកម្ពុជា។
លោកឯកអគ្គរាជទូតថៃ បានគូសបញ្ជាក់ថា
វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ គឺមានប្រសិទ្ធភាពខ្ពស់ហើយទប់ស្កាត់មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ។
លោកក៏បានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
អំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា
គឺលោកបានធ្វើការជាមួយក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតម្លៃទំនិញនៅកម្ពុជានិងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជាសម្ភារៈអនាម័យមានម៉ាក់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
នៅកម្ពុជា។ ជាពិសេសលោក
ក៏បានណែនាំនិងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយ ធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញមក។
ស្ថិតក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ លោក
ក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ
ឯកអគ្គរាជទូតថៃដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេករបស់លោកដល់គេហដ្ឋាន
ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខពីលោកនាយករដ្ឋមន្រ្តីថៃផងដែរ។
លោក ក៏បានអរគុណចំពោះការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19
របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា។
លោកបានមានប្រសាសន៍ថា វាជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា និងថៃ
ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ ហើយលោក
បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលថៃបានដាក់ចេញក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។
ក្នុងន័យនេះលោកមានប្រសាសន៍ថា
ជាសក្ខីភាពប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាយើងកន្លងមកជាង
៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង
ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយដែលនេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូន ឯកអគ្គរាជទូតថៃផងដែរថា
ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ
បានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចេញ
ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
។ជាមួយគ្នានេះ លោក ក៏បានជម្រាប់ជូនឯកអគ្គរាជទូតថៃដែរថា
ថ្ងៃនេះកម្ពុជាបានសម្រេចឲ្យប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា
ហើយដែលវិលត្រឡប់មកកាន់កម្ពុជាវិញគឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពពីប្រទេសដែលប្រជាជនកម្ពុជាចេញដំណើរនោះមកទេ
ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាលនៅពេលមកដល់កម្ពុជាវិញ។
លោកក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះការចូលរួមរបស់រាជរដ្ឋាភិបាលថៃ
ប្រជាជនថៃ និងស្ថានទូតថៃហើយលោកបានមានប្រសាសន៍ផងដែរថា
នៅពេលនេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ
ដែលជាសង្គ្រាមជាមួយនឹងសត្រូវគ្មានស្រមោល៕
ប្រភព៖កម្ពុជា ពិត
0 Comments